ព្រឹកថ្ងៃសុក្រ ៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្ត និងព្រះសហការី អមដំណើរដោយ ព្រះវរមុនីញាណ នង ពន្លក ព្រះគ្រូវជិរវិទូអនុគណស្រុកព្រៃឈរ និងព្រះសហការី និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៧ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនជនមានពិការភាពទ័លលំបាក ១គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៥ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សូមបញ្ជាក់ផងដែរថា លោក សុខ សុភាព ពិការភាពជិះលើរទេះរុញមានមុខរបរជាអ្នករើសអេតចាយរស់នៅក្រោមផ្ទះអ្នកជិត ចំណេកប្រពន្ធក៏មានជំងឺរលាកដង្ហើមដែលត្រូវព្យាបាលយ៉ាងចាំបាច់។ មើលឃើញពីស្ថានភាពលំបាកឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកព្រៃឈរ និងសប្បុរសជន ជូន លោក សុខ សុភាព និងគ្រួសារ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។
ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថានភាពបានធូរស្រាល ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយ ក៏ដោយ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ដើម្បីជៀសឱ្យផុត កុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ សុខ សុភាព សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ១០០គីឡូ ត្រីខ២យួរ ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត២សម្រាប់, អាវយឺត៤ ម៉ាស់១ប្រអប់ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៦០០,០០០រៀល។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ កន្សែង ក្រមា និងអាវយឺត ព្រមទាំងថវិកាចំនួន ២០,០០០ រៀល ផងដែរ។