នៅទីស្នាក់ការបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានប្រារព្វសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយសន្និបាតនេះក៏មានវត្តមានឯកឧត្តមជាប្រធាន អនុប្រធានក្រុមការ ងារចុះឃុំអំពិល សមាជិក សមាជិកា និងអាជ្ញាធរស្រុក ឃុំ សរុបចំនួន២៥០នាក់។
មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនស្រុកកំពង់សៀម និងដោយ ឡែកបងប្អូនឃុំអំពិល ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀង ឃ្លាតឡើយ។ បន្ទាប់មក ឯកឧត្តមប្រធានបានជម្រាបជូនអង្គសន្និបាតជ្រាបជាបន្តបន្ទាប់អំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ។ កាលពីថ្ងៃទី១៨ ខែឆ្នូ កន្លងមក វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN-Para Games ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២២ នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយស្តារសេដ្ឋកិច្ចជាតិឡើងវិញតាមគន្លងប្រក្រតីភាពភាពថ្មី បន្ទាប់ពីត្រូវបានបំផ្លាញដោយសារការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
ភ្ជាប់ជាមួយកម្មវត្ថុនៃសន្និបាតនាព្រឹកនេះ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបសមិទ្ធផល បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយគណបក្សនាឆ្នាំ២០១៧-២០២១ យ៉ាងក្បោះ ក្បាយរបស់លោក រ័ត្ន គឹមហៃ ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល និងផែនការសកម្មភាព និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២-២០២៧ ដែលអានដោយលោក លី ឆៃឡេង អនុប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល រួចមក ឯកឧត្តមប្រធានក្រុមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានជួយឧបត្ថម្ភ គាំទ្រ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការចាំបាច់ និងបានទាន់ពេលវេលា។ ពិតណាស់សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុក ដាក់ គិតគូពីសុខទុក្ខ និងបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាអាទិ៍៖ បញ្ហាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ការកសាងផ្លូវលំ ដាក់លូរំដោះទឹក ជួសជុលសាលារៀន ចាក់ដីលុបបំពេញទីទាបក្នុងបរិវេណសាលា សាងសង់ស្នាក់ការបក្សឃុំ ឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ការតបណ្តាញអគ្គីសនី ការចែកអាវរងារជូនចាស់ជរា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោលនយោ បាយ ក៣ (កើត ការ និងស្លាប់)។ល។ ហើយជាប្រាកដ សមកម្មភាពនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ពីការគិតគូ យកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋ គិតគូ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋានអស់ពីសមត្ថភាព និងគ្រប់ ពេលវេលា។