អភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានផ្លូវក្រាលកៅស៊ូ ប្រភេទDBST ១ខ្សែ ព្រមទាំងចុះពិនិត្យវឌ្ឍនភាពផ្លូវបេតុងជាង១០Km និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកកោះសូទិន


កំពង់ចាម៖នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលនៃ គណៈ អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត, មន្ទីរអង្គភាពជំនាញ, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ជួបសំណេះសំណាល និងបើកការដ្ឋានកសាងផ្លូវកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង ២៦៩៧ ម៉ែត្រ ទទឹង៥ ម៉ែត្រ ឆ្លងកាត់ ឃុំ ចំនួន ២ គឺឃុំពង្រ និងឃុំមហាលាភ ក្នុងស្រុក កោះសូទិន ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែង នូវ សេចក្តីសោមនស្ស រីករាយ និង អំណរគុណ ចំពោះ រាជរដ្ឋាភិបាល កម្ពុជា និង ដៃគូរ អភិវឌ្ឍន៍ រួមមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ អន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែល បានផ្តល់ ជំនួយឥតសំណង និង ហិរញ្ញប្បទាន កម្ចី ដ៏ ធំធេង តាមរយៈ គម្រោង កាត់បន្ថយ ភាពក្រីក្រ និង អភិវឌ្ឍន៍ កសិកម្ម ខ្នាតតូច តំបន់ ទន្លេសាប ជំហាន២ ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងបើកការដ្ឋានកសាងផ្លូវខាងលើរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ច្រាំងទន្លេ មួយកន្លែងស្ថិតនៅភូមិពង្រលិច ឃុំពង្រ ដែលមានប្រវែង៦០ ម៉ែត្រ ជម្រៅ២៧ ម៉ែត្រ គិតមកដល់ពេលនេះ សម្រេចការសាងសង់រួចរាល់ជាស្ថាពរ ។

បន្ទាប់មកនៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារខេត្ត, មន្ទីរអង្គភាពជំនាញ, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតនិត្យការសាងសងស្ពាន មហាលាភ (ហៅស្ពានព្រែកតាចាប ) និងពិនិត្យមើលការសាងសង់ផ្លូវបេតុង១ខ្សែ តភ្ជាប់ពីឃុំពាមប្រធ្នោះ ទៅឃុំល្វេ នៃស្រុកកោះសូទិន ដែលជាគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ អាសុី អាគ្នេយ៍របស់ធនាគារពិភពលោក តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានប្រវែង ១៤គីឡូម៉ែត្រ ទទឹង ៦ម៉ៃត្រ, លូប្រអប់ចំនួន ៨កន្លែង និងលូកាត់ទទឹងផ្លូវ ចំនួន ៨កន្លែង ផងដែរ ៕