ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ដ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន២រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន២រូប នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ។

មានប្រសាសន៍ក្នុងឱកាសនៃការតែងតាំងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន នោះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានកោតសរសើរ ចំពោះរបាយការណ៍លើកឡើងរបស់លោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានបង្ហាញពីលទ្ធផលការងារ និងសមិទ្ធផលនានា ដែលមន្ទីរបានអនុវត្តកន្លងមក។ ឯកឧត្តម ក៏បានបន្តទៀតថា ការផ្លាស់ប្ដូរមន្រ្តីរាជការ មិនមែនជារឿងចំលែកអ្វីទេ ព្រោះយើងធ្វើឡើងទៅតាម លក្ខខណ្ឌការងារដែលបានធ្វើកន្លងមក ហេតុនេះមន្រ្តីដែលទើបតែតែងតែថ្មីត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ អនុវត្តន៍នូវផែនការការងាររបស់ថ្នាក់ដឹកនាំបានប្រគល់ជូន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា។

គួរបញ្ជាក់ថា៖ យោងដីការលេខ ០៩៧/២១ ដក.តត របស់រដ្ឋបាលខេត្ត ស្តីពីការតែងតាំងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលត្រូវតែងតាំងលោក ផេង ដារ៉ែន ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ នៃក្របខណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេកំពង់ចាម និងតែងតាំង លោក ចាន់ ប៊ុណ្ណាន ឋានន្តរស័ក្តិថ្នាក់លេខ ៣ នៃក្របខណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានការិយាល័យ លូ និងស្ថានីយចំរុះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕