សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង – ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» នៅក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកំពង់សៀម ។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការ ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី ៤ គ្រឹះស្ថានសិក្សា សរុបចំនួន ១៦៨នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២១ ជូនដល់អង្គពិធីទាំងមូល ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ ព្រះប្រធានកិត្តិយសសម្តេចប្រធាន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជា និង បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ក្នុងបរិការណ៍នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពាំនាំនូវសារគន្លឹះ ទប់ស្កាត់ហានិភ័យនែការឆ្លងជំងឺដ៏កាចសាហាវនេះ យកទៅអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និងទីកន្លែងនានា ក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ អោយបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា- មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចអោយបាន បាវចនា ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ” ។

ជាមួយនេះ សូមបង-ប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាពឱ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារជាទីស្រឡាញ់ របស់សហគមន៍ និងសង្គមជាតិយើង ។

ដើម្បីជាការលើកទឺកចិត្តដល់ការខិតខំរបស់បងប្អូន , ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ២៩នាក់) ផងដែរ។