កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល, ជាប្រធានគណបក្សខេត្តកំពង់ចាម និងជាអភិបាលនៃគណៈអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ការបោះឆ្នោតនាពេលអនាគត ។
ឯកឧត្ដម ហ៊ុន ម៉ាណែត គឺជា វីរកុលបុត្របន្តវេនដ៏ឆ្នើមពោរពេញទៅដោយសក្ដានុពល និងសមត្ថភាព ប្រកបដោយទេពកោសល្យ បទពិសោធមានគុណធម៍ សីលធម៍ និង ភាពជាអ្នកដឹកនាំ ទទួលបាននូវការគោរពស្រលាញ់ពីប្រជាជននៅគ្រប់មជ្ឃដ្ឋាន ។ សកម្មភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត បានលេចធ្លោ ក្នុងសកម្មភាពដើម្បីបុព្វហេតុជាតិមាតុភូមិ ទាំងវិស័យរដ្ឋបាល សេដ្ឋកិច្ច យោធា ការទូត ការងារមនុស្សធម៏ និងសុខាភិបាល ជាការស័ក្ដិសមបំផុត នឹងទទួលបាននូវភាពជឿទុកចិត្ដពីប្រជាជនកម្ពុជា ។
យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕