អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីឲ្យជួសជុលផ្លូវខូចខាតឡើងវិញ ហើយត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹក និងស្លាកសញ្ញា ចរាចរណ៍ឲ្យបានត្រឹមត្រូវផង


កំពង់ចាម៖ ក្នុងកិច្ចប្រជុំពិភាក្សាលើកគម្រោងជួសជុលផ្លូវ និងប្រព័ន្ធលូកបង្ហូរទឹកភ្លៀង នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងតំណាង ក្រុមហ៊ុនទទួលការឲ្យធ្វើការជួសជុលផ្លូវនានា ដែលរងការខ្វះខាត ដោយជំនន់ទឹកភ្លៀង ជាពិសេស ផ្លូវ ជាច្រើន កំណាត់ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ការធ្វើ ឬជួសជុល ផ្លូវ ត្រូវសិក្សាលើកគម្រោង ឲ្យបាន ច្បាស់លាស់ ជាមុនសិន ហើយត្រូវដាក់ឲ្យមានប្រព័ន្ធលូរំដោះទឹក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ។ ដោយមានកំណាត់ផ្លូវកៅស៊ូ មុខផ្សារថ្មគោល ស្ថិតនៅក្នុងសង្កាត់បឹងកុក ដែលត្រូវកាត់ធ្វើជាផ្លូវបេតុងអាមេវិញ ព្រោះនៅតំបន់នោះ មានដក់ទឹក និងកំណាត់ផ្លូវកៅស៊ូមួយចំនួនទៀត ស្ថិតនៅក្នុងភូមិឡឥ្ឋ សង្កាត់បឹងកុក ព្រមទាំង កំណាត់ផ្លូវផ្សេងៗជាច្រើនទៀត ។
ក្នុងនោះ ក៏មាន គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខូចខាតចំនួន ៧កន្លែង ស្មើនឹង២០០ម៉ែត្រ ។
រដ្ឋបាលខេត្តកំពង់ចាម ត្រូវចំណាយថវិកាជាច្រើន ១-ត្រូវធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលខូចខាត មកជាផ្លូវបេតុងអាមេ(២កន្លែង)ប្រវែងសរុប២២០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងមានស្មារផ្លូវ១ម៉ែត្រ សងខាង ថវិកាប៉ាន់ស្មាន ៣៤១,៤១៥,០០០រៀល ។ ចំពោះ ការសាងសង់លូមាន២ជម្រើស៖ ១-សាងសង់ក្នុងដីប្រជាពលរដ្ឋ(ឈ្មោះ ម៉ឹង ថាវរៈ) ប្រវែង២៤០ម៉ែត្រ មុខកាត់១ម៉ែត្រ អណ្ដូងលូចំនួន១២កន្លែង ថវិកាប៉ាន់ស្មាន ១៥៩,២៤៧,០០០រៀល។ ២-សាងសង់លូតាមបណ្ដោយផ្លូវ(ចាប់ពីកន្លែងខូចមកដល់លូកាត់ផ្លូវអគ្គិសនី)ប្រវែង៥០២ម មុខកាត់ ១ម អណ្ដូងលូ២១កន្លែង ថវិកាប៉ាន់ស្មាន៣៣៣,៦៤៤,០០០រៀល ៕