នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ៧:៣០ ៖ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញមកពី ក្រុងកំពង់ចាម និងស្រុកកំពង់សៀម រួមជាមួយក្រុមយុវជនគណបក្សមកពី មន្ទីរ អង្គភាព សាលារៀន គ្រឹះស្ថានឧត្តមសិក្សា ចំនួន ៩ ៥០០ នាក់ រថយន្ត ៦៤ គ្រឿង ម៉ូតូ ៦ ៣០០ គ្រឿង បានមកជួបជុំនៅ វាលសួនស្មៅ មុខសាលាខេត្តកំពង់ចាម ដើម្បីប្រារព្វពិធីដង្ហែក្បួនយុទ្ធនាកាឃោសនាជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី ៦ ឆ្នាំ២០១៨ ។
ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក/សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ពី គណបក្សមន្ទីរ អង្គភាពផងដែរ ។
ពិធីដង្ហែក្បួនយុទ្ធនាការឃោសនាដោយក្រុមយុវជនគណបក្ស ដូចគ្នានេះ ក៏ត្រូវបានប្រព្រឹត្តទៅនៅគ្រប់ស្រុកទាំង ៨ទៀតនៅក្នុងខេត្តកំពង់ចាមផងដែរ ។