លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធី បើកវេទិកាអាស៊ី-អឺរ៉ុបលើកទី១៣ ស្ដីពី «ស្ត្រី សន្តិភាព និងសន្តិសុខ»


កំពង់ចាម៖នារសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធី បើកវេទិកាអាស៊ី-អឺរ៉ុបលើកទី១៣ ស្ដីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធអនឡាញ (Zoom ) ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅសាលប្រជ៉ំធំសាលាខេត្ត។


គូសបញ្ជាក់ថាវេទិកានេះមានគោលបំណងចម្បងសំខាន់ៗចំនួន ៣គឺ៖ ដើម្បីសម្របសម្រួលដល់កិច្ចសន្ទនា ចែករំលែកបទពិសោធន៍ និងឧត្ដមានុវត្តន៍ រវាងបណ្ដាប្រទេសនៅអាស៊ី-អឺរ៉ុប ក្នុងការអនុវត្តរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ, បង្ហាញនូវវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ស្ដីពីដំណើរ នៃការវិវត្ត របស់ស្រ្តី សន្តិភាព និងសន្តិសុខ ប្រវត្តិនៃការចូលរួម របស់ស្ត្រីក្នុងវិស័យដោះមីន និងរក្សាសន្តិភាព ក៏ដូចជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើស្រ្តី និងស្វែងរកមតិគាំទ្រ ក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍អមផ្សេងៗ ពាក់ព័ន្ធនឹងស្ត្រីនៅក្នុងរៀងរាល់កិច្ចប្រជ៉ំកំពូលអាស៊ី-អ៉ឺរ៉ុប នាពេលអនាគត។ វេទិកានេះធ្វើឡើងរយៈពេល ២ថ្ងៃ (១៣-១៤ តុលា ២០២១) មានការអញ្ជើញចូលរួមពី សំណាក់ប្រមុខដឹកនាំ នៃបណ្ដាប្រទេស នៅទ្វីបអាស៊ី និងអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានចំនួន ៥៣ សរុបចំនួន ៤៤៧នាក់ ក្នុងនោះខេត្តកំពង់ចាម ចូលរួមដោយ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាព សរុបចំនួន ២៦រូបផងដែរ ។