កំពង់ចាម៖តមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជម្រុញឲ្យអាជ្ញាធរ រាជធានី/ខេត្ត ពង្រីកនូវមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតធ្ងន់ និងកម្រិតស្រាល ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ នឹងជាការឆ្លើយតបនូវរាល់បញ្ហាប្រឈមចំពោះមុខនៃការវាយលុកជាសកលពីសត្រូវឥតស្រមោល កូវីដ-១៩ ដែលនឹងកំពុងយាយីដល់អាយុជីវិតមនុស្សជាតិ ក៏ដូចជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសកលលោកទាំងមូលផងដែរ ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុល កែលម្អ និងបំពាក់សម្ភារ បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ដែលនឹងប្រគល់ឲ្យមន្ទីរអប់រំយុវជន និងកីឡា ដើម្បីដាក់ឲ្យដំណើរការបង្រៀន និងសិក្សារៀនសូត្រឡើងវិញ នាពេលឆាប់ៗខាងមុខ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការជួសជុល និងកែលម្អបានប្រមាណ៦០ ភាគរយហើយ ។
គូសបញ្ជាក់ថា កន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ខាងលើនេះ មានទីតាំងនៅក្នុងបរិវេណអតីតក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលមានអាគារធំៗ ចំនួន៣ខ្នង ទុកនៅទំនេរ គ្រប់គ្រងដោយមន្ទីរពាណិជ្ជខេត្ត ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលមានចំង៉ាយប្រមាណ៧ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។