ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពីធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង ១០៩ ក្នុងខេត្តកំពង់ចាម


នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពីធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង ១០៩ឃុំ-សង្កាត់ក្នុងខេត្តកំពង់ចាម នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នូវទោចក្រយាន (ម៉ូតូ) ចំនួន១០៩គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដើម្បីទុកបំរើការកិច្ចការងាររដ្ឋបាល និងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្តម​ គួច​ ចំរើន​ បានលើកឡើងថា​ ទោចក្រយាន (ម៉ូតូ) ដែលត្រូវបានចែកជូនតាមប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន១០៩ប៉ុស្ដិ៍​ នេះដើម្បីកាត់បន្ថយចំណុចអសកម្ម​ក្នុងមូលដ្ឋាន​ ដោះស្រាយការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ឲ្យកាន់តែល្អ ដើម្បីជាប្រយោជន៍រួមក្នុងការបម្រើសេវា​សាធារណៈ​តាមតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមជាកងកម្លាំង​ ត្រូវមានកាតព្វកិច្ចការពារសុខសន្តិភាព​ សុវត្ថិភាព​ និង បម្រើសេវាតាមតម្រូវការព្រមទាំងដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋដើម្បីបញ្ជៀសការកើតឡើងនូវបទល្មើស​ អំពើចោរកម្ម​ ល្បែងស៊ីសង​ និងភាពអាណាធិបតេយ្យ​ ត្រូវធានាលើកទឹកចិត្តទំនុកចិត្តខ្ពស់កាន់តែរឹងមាំ​ និងសុខសាន្តក្នុងការរស់នៅជាប្រចាំ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ដើម្បីអោយមូលដ្ឋានយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម បានបន្ថែមទៀតថា អ្វីដែលគួរកត់សម្គាល់ក្នុងរយពេលដំណើរការបោះឆ្នោត​ តាមគោលនយោបាយលិទ្ធប្រជាធិបតេយ្យត្រូវត្រៀមឯកសារទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើន ជាពិសេសការពារសន្ដិភាពជូនប្រជាពលរដ្ឋដែរជាម្ចាស់ឆ្នោត។

មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនៅដែរ ឯកឧត្តម​ គួច​ ចំរើន​ បានស្នើសូមដល់កងកម្លាំង រួមនឹងមន្ត្រីពាក់ពន្ធ័នៅតែបន្តយកចិត្តទុកដាក់ តាមដានអាកាសធាតុ និងកម្រិតកម្ពស់ទឹកជាប់ជានិច្ច ត្រូវត្រៀមនូវឧបករណ៍ជួយសង្គ្រោះដូចជាថ្នាំសង្កូវ​ ទូក​ កាណូត​ ដើម្បីជួយសង្គ្រោះពលរដ្ឋរកទីទួលសុវត្ថិភាពដែលងាយរងគ្រោះក្នុងរដូវទឹកឡើងនេះ​ ហើយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រុងប្រយត្ន៍ខ្ពស់ក្នុងការរស់នៅតាមដងទន្លេ​។