លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អញ្ជើញចុះយុទ្ធនាការអប់រំ ផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ


កំពង់ចាម ៖នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ-១៩ បានអញ្ជើញចុះយុទ្ធនាការអប់រំ ផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ នៅផ្សារស្គន់ ស្រុកជើងព្រៃ និងផ្សាផ្អាវ ស្រុកបាធាយ ដោយមានចូលរួមពីលោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ និងគណៈអាជីវករផ្សា។


លោកជំទាវអភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ អាជីវករ ដែរមិនទាន់បានចាក់វ៉ាកសាំងសូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ-១៩ និងវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ៣កុំ ៣ការពារ និង២ចូលរួម ដោយ ៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ។ ៣ការពារ គឺពាក់ម៉ាសឲ្យជាប់ជាប្រចាំពេលដែលអ្នកជួបជាមួយអ្នកណាម្នាក់ លាងសម្អាតដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ។ដោយឡែក ២ចូលរួម សូមបងប្អូនប្រជាពលរដ្ឋ កុមារចាប់ពីអាយុ១២ឆ្នាំឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា និងស្គែនទីតាំងទប់ស្កាត់កូវីដ-១៩ ។ ចំពោះបុគ្គលដែលមានការសង្ស័យ ឫបានប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយបុគ្គលដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ត្រូវចូលរួមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ គ្រប់ចំនួន១៤ថ្ងៃ ឫលើសពីនេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឫខលទៅលេខ ១១៥ ជាបន្ទាន់។